សារសំខាន់នៃការធ្វើសមាធិ
សាលារៀនខូលីងវូដភ្នំពេញ បណ្តុះសិស្សឱ្យស្គាល់ពីអត្ថប្រយោជន៍ និងសារសំខាន់នៃការធ្វើសមាធិ
សាលារៀនខូលីងវូដភ្នំពេញ បានលើកទឹកចិត្តឱ្យសិស្សានុសិស្សឱ្យចូលរួមសកម្មភាពធ្វើសមាធិ ក្នុងន័យលើកកម្ពស់សុខភាពផ្លូវចិត្ត សមាធិអារម្មណ៍ បង្កើនសមត្ថភាពផ្តោតអារម្មណ៍លើការសិក្សា និងបណ្តុះវិន័យខ្លួនឯងដើម្បីជីវិតរស់នៅប្រចាំថ្ងៃ។
នាយករងទទួលបន្ទុកវិន័យ នៃសាលារៀនខូលីងវូដភ្នំពេញ លោក រស់ សុភារ៉ាវុធ បានលើកឡើងថា ការធ្វើសមាធិ ជួយឱ្យសិស្សមានភាពស្ងប់ស្ងាត់ក្នុងចិត្ត បង្កើនវិន័យខ្លួនឯង បណ្តុះគុណធម៌ និងជួយឱ្យសិស្សមានសមត្ថភាពគ្រប់គ្រងអារម្មណ៍បានល្អប្រសើរជាងមុន។
លោក រស់ សុភារ៉ាវុធ បានលើកឡើងយ៉ាងដូច្នេះ "វត្ថុបំណងនៃការធ្វើសមាធិ គឺចង់សាលាឱ្យសិស្សមានចិត្តស្ងប់ផ្តោតទៅលើតែដង្ហើមចេញដង្ហើមចូល ដើម្បីឱ្យចិត្តស្ងប់ទៅបាន គឺត្រូវប្រើពេលធ្វើសមាធិចន្លោះពី៥ទៅ៦នាទី ហើយត្រូវធ្វើរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឱ្យចិត្តនឹងនរ អារម្មណ៍មូលល្អ និងការស្យង់អារម្មណ៍បានល្អ ដែលនេះជាវិធីអប់រំចិត្តមួយកុំឱ្យសិស្សរវើវាយ ឆេវឆាវ ឬបែកឆ្វេងគិតអ្វីផ្សេងក្រៅពីដង្ហើមចេញចូល ហើយបើតាមផ្លូវធម៌ ការធ្វើសមាធិ គឺនាំឱ្យយើងបានបុណ្យ តែទាល់តែចិត្តយើងស្ងប់ដែរ" ។
លោកគ្រូវិន័យដដែល សង្កត់ធ្ងន់ថា បន្ទាប់ពីសិស្សបានចូលរួម និងយល់ដឹងពីការធ្វើសមាធិនេះ ពួកគេនឹងអាចយកទៅប្រតិបត្តិក្នុងថ្នាក់រៀនបានយ៉ាងល្អប្រសើរ ព្រោះពេលដែលលោកគ្រូ អ្នកគ្រូ ពន្យល់មេរៀន ឬលំហាត់ សិស្សនឹងឆាប់យល់មេរៀនបានលឿនរហ័ស ខណៈការធ្វើសមាធិនេះនឹងធ្វើឱ្យអារម្មណ៍សិស្សផ្តោតលើតែសំឡេងគ្រូ ឬផ្តោតលើការរៀនក្នុងថ្នាក់។
ការធ្វើសមាធិ គឺសំខាន់បំផុតពេលដែលចិត្តស្ងប់ ពុំមែនទាន់តែអង្គុយសមាធិបានចិត្តស្ងប់នោះទេ ពោលពេលរៀនក៏អាចធ្វើឱ្យចិត្តសិស្សស្ងប់បានដែរ ព្រោះតែសិស្សទម្លាប់ចិត្តស្ងប់ ហើយការរៀនសូត្រក៏ផ្តោតបានល្អផងដែរ។