តើហេតុអ្វីបានជាមត្តេយ្យសិក្សាជាមូលដ្ឋានគ្រឹះដំបូងមិនអាចខ្វះបានសម្រាប់កុមារ?
មត្តេយ្យសិក្សាជា ដំណាក់កាលដំបូងដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះដំបូងដែលមិនអាចខ្វះបានសម្រាប់កុមារមុនឈានដល់បឋមសិក្សា ដើម្បីកំណត់ឱ្យកុមារមានភាពជោគជ័យខ្ពស់ក្នុងការសិក្សានាថ្ងៃអនាគត។
មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មត្តេយ្យសិក្សានឹងជួយឱ្យកុមារ រៀនស្គាល់អក្សរ លេខ និងពណ៌ តាមរយៈការលេង អភិវឌ្ឍជំនាញភាសា ការនិយាយ និងការស្តាប់ បង្កើតទម្លាប់ល្អក្នុងការរៀន និងការរស់នៅប្រចាំថ្ងៃ រៀនចែករំលែក អត់ធ្មត់ និងធ្វើការជាក្រុមបង្កើនទំនុកចិត្ត និងភាពឯករាជ្យលើខ្លួនឯង។
នៅក្នុងវ័យដែលខួរក្បាល អារម្មណ៍ អាកប្បកិរិយាកំពុងតែអភិវឌ្ឍន៍យ៉ាងលឿនបំផុត។ កុមារដែលបានឆ្លងកាត់មត្តេយ្យសិក្សាល្អ នឹងមានភាពងាយស្រួលក្នុងការសម្របខ្លួនពេលចូលបឋមសិក្សា ដោយមិនមានការភ័យខ្លាចពេលមកសាលារៀន មានទំនុកចិត្តក្នុងការសួរ និងបង្ហាញមតិ ព្រមទាំងមានមូលដ្ឋានរឹងមាំសម្រាប់ការអាន សរសេរ និងមានទេពកោសល្យច្បាស់លាស់ក្នុងការគណនាលេខបានលឿន និងរហ័សជាដើម។
លើសពីនេះ ការបញ្ជូនកុមារតូចឱ្យចូលរៀននៅថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចជួយជំរុញកុមារឱ្យរីកចម្រើនទាំងចំណេះដឹងមូលដ្ឋានគ្រឹះ បង្កើននូវភាពក្លាហាន រស់នៅមានសីលធម៌ និងការលូតលាស់ផ្នែកកាយសម្បទារបស់ពួកគេ។ ជាពិសេសកុមារមានភាពច្នៃប្រឌិតខ្ពស់ ចង់ចេះ ចង់ដឹង ចង់ឃើញ ឈ្លាសវៃ រហ័សរហួន ចេះស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា។
ជាមួយនឹងគ្នានេះ កុមារដែលសិក្សានៅថ្នាក់ក្រោមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សា ពួកគេមានការត្រៀមខ្លួនបានយ៉ាងល្អក្នុងការសិក្សាជាងកុមារដែលមិនបានរៀន ព្រោះកុមារទាំងនោះចេះបន្សាំខ្លួនជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ដែលមិនងាយធ្វើឱ្យកុមារបោះបង់ចោលការសិក្សា។
គួរបញ្ជាក់ជូនថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ចំពោះការអប់រំកុមារតូច ដោយបង្កើនការចូលរៀនថ្នាក់មត្តេយ្យសិក្សា ព្រោះវាជាមធ្យោបាយក្នុងការកសាងមូលដ្ឋានអប់រំ ដែលធ្វើឱ្យលទ្ធផលការសិក្សារបស់កុមារកាន់តែប្រសើរឡើង ហើយកម្រិតនៃការបោះបង់ធ្លាក់ចុះ។