ជំហានសំខាន់ៗទាំង៦ ដែលសិស្សមុនបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលង
ជំហានសំខាន់ៗទាំង៦ ដែលសិស្សមុនបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលង
ការបញ្ចប់ការសិក្សាថ្នាក់ទី១២ គឺជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយក្នុងជីវិតជាសិស្ស បន្ទាប់ពីសិក្សារយៈពេល១២ឆ្នាំកន្លងមក ហើយវាគឺជាចំណុចចាប់ផ្តើមថ្មីទៅរកអនាគតផងដែរ។ ដើម្បីឱ្យការផ្លាស់ប្តូរនេះកើតឡើងដោយជោគជ័យ តើសិស្សគួរត្រៀមខ្លួនបែបណា?
១. កំណត់គោលដៅអនាគតឱ្យច្បាស់៖ មុនសម្រេចចិត្តធ្វើអ្វីមួយ សិស្សត្រូវសួរខ្លួនឯងជាមុនសិន តើខ្ញុំចូលចិត្តអ្វី? មានជំនាញខាងណា? ហើយខ្ញុំចង់ធ្វើការងារអ្វីនៅអនាគត? ត្រូវសរសេរគោលដៅ ៣ នេះនៅលើក្រដាស (អ្វីចង់រៀន, អ្វីចង់ធ្វើការ, អ្វីចង់ក្លាយជា) ហើយអាចយកទៅពិភាក្សាជាមួយឪពុកម្តាយ ឬលោកគ្រូ អ្នកគ្រូ។
២. រៀបចំផែនការសិក្សាសម្រាប់ការប្រឡងថ្នាក់ជាតិ៖ ការប្រឡងបញ្ចប់ថ្នាក់ទី១២ ជាគន្លឹះសំខាន់បំផុត ដូច្នេះត្រូវបែងចែកម៉ោងសិក្សាជារៀងរាល់ថ្ងៃ ដោយផ្តោតលើមុខវិជ្ជាដែលខ្សោយ រៀនធ្វើលំហាត់ និងសាកល្បងប្រឡងវិញ្ញាសាចាស់ៗដែលចេញឆ្នាំមុនៗ។ មួយវិញទៀតត្រូវបង្កើតតារាងសិក្សារយៈពេល ១សប្តាហ៍ និងបែងចែកពេលវេលារៀនឱ្យបានត្រឹមត្រូវ ហើយអនុវត្តឱ្យបានយ៉ាងតឹងរ៉ឹង និងជាប្រចាំរហូតដល់ថ្ងៃប្រឡង។
៣. ស្វែងយល់ពីសាកលវិទ្យាល័យ និងជំនាញសិក្សា៖ កុំរង់ចាំដល់បញ្ចប់ការប្រឡងទើបគិត តែត្រូវសិក្សាពីជំនាញដែលមានតម្រូវការទីផ្សារការងារខ្ពស់។ ប្រៀបធៀបសាកលវិទ្យាល័យ (គុណភាព, តម្លៃ, បរិយាកាស) ជ្រើសរើសយ៉ាងតិច ៣ ជំនាញ និង ២ ទៅ៣ សាកលវិទ្យាល័យ ដើម្បីស្រាវជ្រាវលម្អិត។
៤. បង្កើតជំនាញបន្ថែមក្រៅសាលា៖ ជំនាញមិនមានតែក្នុងសៀវភៅទេ ដូច្នេះទាំងភាសាអង់គ្លេស ការប្រើប្រាស់កុំព្យូទ័រ សិក្សាពីបច្ចេកវិទ្យាថ្មីៗ ការប្រាស្រ័យទំនាក់ទំនង និងការធ្វើការជាក្រុម ក៏ជាជំនាញដ៏មានសារសំខាន់ដែលសិស្សមិនគួរមើលរំលងឡើយ។ មួយវិញទៀតការចំណាយពេលយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ សម្រាប់រៀនជំនាញថ្មីៗតាម Online ឬក្រៅម៉ោងសិក្សា ក៏ជាអត្ថប្រយោជន៍មួយផងដែរ។
៥. រៀបចំស្មារតី និងអាកប្បកិរិយាឱ្យរឹងមាំ៖ ការផ្លាស់ប្តូរពីសាលារៀន ទៅសាកលវិទ្យាល័យ អាចធ្វើឱ្យមានសម្ពាធ ដូច្នេះត្រូវរៀនគ្រប់គ្រងអារម្មណ៍ មានវិន័យ និងការទទួលខុសត្រូវ កុំភ័យខ្លាចការបរាជ័យ ត្រូវបង្កើតទម្លាប់អានសៀវភៅ ឬស្តាប់វីដេអូបំផុសគំនិត ១០ទៅ១៥ នាទីក្នុងមួយថ្ងៃជាការប្រសើរ។
៦. ពិភាក្សាជាមួយឪពុកម្តាយ ឬសិស្សច្បង៖ កុំសម្រេចចិត្តតែម្នាក់ឯង ត្រូវសុំយោបល់ពីឪពុកម្តាយ ឬពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងអ្នកជំនាញផ្នែកអប់រំដែលគួរឱ្យទុកចិត្ត ដោយត្រូវកំណត់ពេលជាក់លាក់មួយ ដើម្បីពិភាក្សាមុននឹងសម្រេចចិត្ត។
សិស្សទាំងអស់ត្រូវចងចាំថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប (Bac II) មិនមែនជាការបញ្ចប់ការសិក្សាទាំងស្រុងឡើយ ប៉ុន្តែវាជាជំហានសំខាន់ ដើម្បីចាប់ផ្តើមអនាគតថ្មីមួយទៀត។ ប្រសិនបើអនុវត្តជំហានទាំងនេះឱ្យបានហ្មត់ចត់ នោះនឹងអាចឈានចូលដំណាក់កាលបន្ទាប់ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។