គន្លឹះទាំង៥ជំហានក្នុងការអភិវឌ្ឍសមត្ថភាព
Published on February 4, 2026
តើសិស្សានុសិស្សគួរត្រៀមខ្លួនអ្វីខ្លះសម្រាប់អភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួនឱ្យសមស្របនៅឆ្នាំ២០២៦នេះ?
១. រៀនដើម្បីស្វែងយល់ មិនមែនតែសម្រាប់ចងចាំ៖ មានសិស្សជាច្រើនរៀនគ្រាន់តែដើម្បីចងចាំ ប៉ុន្តែការរៀនជាក់ស្តែង និងសំខាន់បំផុតនោះគឺការយល់ និងអាចធ្វើបាន។ សិស្សានុសិស្សត្រូវស្វែងយល់ពីសំណួរ និងសួរបញ្ជាក់ (ហេតុអ្វី?, ដូចម្តេច?...) ដើម្បីឱ្យលោកគ្រូ/អ្នកគ្រូជួយពន្យល់លម្អិតបន្ថែម និងស្រាយចម្ងល់បានក្បោះក្បាយ។ នៅពេលសិស្សយល់ពីចម្ងល់ និងអាចធ្វើបាននាំឱ្យការចងចាំមិនងាយភ្លេច។
២. ជំនាញដោះស្រាយបញ្ហា៖ ជីវិត និងការសិក្សាតែងតែមានបញ្ហាត្រូវដោះស្រាយជាចាំបាច់។ សិស្សល្អមិនខ្លាចការដោះស្រាយបញ្ហានោះទេ។ សិស្សត្រូវព្យាយាមដោះស្រាយបញ្ហាជាជំហានៗ ឬជាដំណាក់ៗ និងរៀនពីកំហុសខ្លួនឯង ហើយកែប្រែកំហុសទាំងនោះជាជាងការបោះបង់ចោល។
៣. ជំនាញទំនាក់ទំនង និងធ្វើការងារជាក្រុម៖ ភាពជោគជ័យវាកើតឡើងដោយសារចេះសហការ និងមានទំនាក់ទំនងល្អជាក្រុមក្នុងការដោះស្រាយបញ្ហា។ ការងារជាក្រុមចាំបាច់បំផុតគឺទំនាក់ទំនងល្អ ការនិយាយ ការគោរព ស្តាប់មិត្តរួមក្រុម ស្តាប់គ្រូពន្យល់ និងចែករំលែកគំនិតយោបល់គ្នាទៅវិញទៅមក។ ការទំនាក់ទំនងល្អក្នុងក្រុមគឺជាភាពចាំបាច់មួយដើម្បីក្លាយជាមេដឹកនាំល្អ។
៤. ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ៖ បច្ចេកវិទ្យាគឺជាឧបករណ៍សិក្សាដែលសិស្សានុសិស្សត្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការស្រាវជ្រាវបានត្រឹមត្រូវ និងមានវិន័យ ជួយឱ្យសិស្សបង្កើនបានចំណេះដឹងបន្ថែម ហើយការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
៥. វិន័យ និងការទទួលខុសត្រូវ៖ វិន័យ និងការទទួលខុសត្រូវគឺជាមូលដ្ឋានសំខាន់បំផុតក្នុងការក្លាយជាសិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ សិស្សត្រូវគោរពពេលវេលា កាលវិភាគសិក្សា និងមករៀនទាន់ពេល ចេះរៀបចំផែនការសិក្សាប្រចាំថ្ងៃបានត្រឹមត្រូវ។ ការរៀបចំផែនការសិក្សាបានត្រឹមត្រូវ និងអនុវត្តបានល្អ ជួយឱ្យសិស្សឱ្យមានជោគជ័យ និងមានអនាគតល្អ។